ភាគី​មិត្ត​ចិន​ផ្តល់​ឧបករណ៍​ទទួល​រូបភាព​ផ្កាយរណប​មើល​យន្តហោះ​ដល់​អាកាសចរ​ស៊ីវិល​កម្ពុជា

15

ភ្នំពេញ ៖ ​ភាគី​មិត្ត​ចិន ​បាន​ជួប​ពិភាក្សាគ្នា ​ជាមួយ​រដ្ឋ​លេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ កម្ពុជា ក្នុង​នោះ​ភាគី​ចិន​ បានផ្តល់​ឧបករណ៍​ទទួល​រូបភាព​ផ្កាយរណប​ដើម្បី​ពិនិត្យមើល​អាកាសធាតុ​ក្នុង​ការ​ធ្វើយ៉ាង​ណា​ឲ្យ​យន្តហោះ​មាន​សុវត្ថិភាព​ក្នុង​ដែនអាកាស​។

​ក្នុងជំនួប​ពិភាក្សាគ្នា​លើ​បញ្ហា​ទាំងអស់នេះ ​លោក ពាង សារី ប្រធាន​នាយកដ្ឋាន​សេវាកម្ម​អាកាស​ចរណ៍​ស៊ីវិល​កម្ពុជា បាន​ប្រាប់ថា ​ឧបករណ៍​ទទួល​រូបភាព​ផ្កាយរណប​នេះ ​ពិត​ជា​មាន​សារៈសំខាន់​ណាស់ ក្នុង​ការ​ព្យាករណ៍​អាកាសធាតុ ដើម្បី​ឲ្យ​បាន​ដឹង​មុន​ថា​ ផ្លូវ​យន្តហោះ​ដែល​កំពុង​ហោះ​ឆ្ពោះទៅ ​អាច​នឹង​ប្រឈម​ នឹង​អាកាសធាតុ​ ឬ​បែបណាខ្លះ ​ហើយ​ឧបករណ៍​នេះ​ បាន​បញ្ជាក់​ពី​អាកាសធាតុ​មាន​ខ្យល់ព្យុះ ​ឬ​ មាន​ភ្លៀង​ធ្លាក់​បាន​គ្រប់​គោលដៅ​។

លោក ​បន្តថា ចំណុច​ពិសេស​សម្រាប់​ឧបករណ៍​នេះ ​គឺ​បាន​ព្យាករណ៍​អាកាសធាតុ​ក្នុង​រយៈ​កម្ពស់​ខ្ពស់ ​ហើយ​អាច​ឲ្យ​យន្តហោះ​ដឹង​មុន​ថា​ អាកាសធាតុ​កំពុង​មាន​លក្ខណៈ​ និង​ស្ថានភាព​បែប​ណា​បាន​។ លោក​ បន្ថែមថា ​បច្ចុប្បន្ន ឧបករណ៍​នេះ​ បាន​ដំឡើង ​រួចរាល់​ហើយ​នៅ​កម្ពុជា​ ដូចនេះ​ ក្រោយពី​កម្ពុជា​ បាន​អនុវត្ត​នូវ​ឧបករណ៍​នេះ​រួចរាល់​ នោះ​វិស័យ​អាកាសចរណ៍​ស៊ីវិល​នៅ​កម្ពុជា ​នឹង​កាន់​តែ​មាន​ទំនុកចិត្ត​បន្ថែម ​ពិសេស​គឺ​សុវត្ថិភាព​ដល់​អ្នក​ដំណើ​រ​តែម្តង​។

​ឯកឧត្តម គឹម សោភ័ណ អនុរដ្ឋលេខាធិការ​ នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​កម្ពុជា ​បាន​ថ្លែងអំណរគុណ​ដល់​ភាគី​ចិន​ ដែល​បាន​ជួយ​ធ្វើ​ឲ្យ​វិស័យ​ហោះហើរ​នៅ​កម្ពុជា​កាន់​តែ​មាន​ទំនុក​ចិត្ត​ ពិសេស​គឺ​សុវត្ថិភាព​ដល់​ក្រុមហ៊ុន​យន្តហោះ​របស់​កម្ពុជា​ផ្ទាល់​តែម្តង​។

​ចិន​បាន​ជួយ​លើ​វិស័យ​អាកាសចរណ៍​កម្ពុជា​តាំងពី​ឆ្នាំ​២០០៩ ​និង​បាន​បណ្តុះ​បណ្តាល​ដល់​មន្ត្រី​អាកាសចរណ៍​កម្ពុជា​ ពី​របៀប​មើល​ឧបករណ៍​ទទួលយក​រូបភាព​ផ្កាយរណប​នេះ​ បាន​ចំនួន​៦​ដង​មកហើយ ​ដែល​ពេលនេះ​បាន​ធ្វើ​ឲ្យ​កម្ពុជា​សម្រេច​ទទួលយក​ឧបករណ៍​ និង​ប្រើប្រាស់​ដោយ​ខ្លួន​ឯងបាន​។ សូម​បញ្ជាក់ដែរថា ​ឧបករណ៍​នេះ ​មានតម្លៃ​ជិត​១​លាន​ដុល្លារ ​ដែល​អាច​ធានា​សុវត្ថិភាព​យន្តហោះ​ល្អ​បំផុត​៕

Loading...