អ្នកភូមិ​ច្រក​តោ​ល ដែល​រត់​ភៀសខ្លួន ភ័យខ្លាច​នឹង​ជំងឺ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជាច្រើន​នាក់​ ​មក​ដល់​ថ្ងៃនេះ​ ​មិន​ហ៊ាន​ត្រឡប់​ទៅ​ភូមិ​វិញ​នោះទេ!

50

កំពង់ធំ​ ៖ គិត​មកដល់​ថ្ងៃនេះ​ ទោះ​ជា​មាន​អាជ្ញាធរ ​និង​វេជ្ជបណ្ឌិត​ជំនាញ ​នៃ​ក្រសួងសុខាភិបាល ពន្យល់​យ៉ាង​ក្ដី ​ក៏​អ្នកភូមិ​ច្រក​តោ​ល ឃុំ​មាន​រិ​ទ្ធ ​ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ ​នៅជាប់​នឹង​តំបន់​ព្រៃ​ឡង់​ ដែល​រត់​ភៀសខ្លួន​, ភ័យខ្លាច​នឹង​ជំងឺ​ឆ្លង​រាតត្បាត​នោះ​ នៅតែ​ពុំទាន់​ហ៊ាន​វិលត្រឡប់​ទៅ​ភូមិ​វិញ​ទេ! ផ្ទុយទៅវិញ ពួកគាត់​នៅតែ​បន្ត ​ទៅធ្វើ​ពិធី ​សែនព្រេន​នៅ​ភូមិ​នោះ ​តាម​បែប​ជំនឿ​របស់​ពួកគាត់​។

នៅក្នុង​ពិធីសែនព្រេន​នេះ បុរស​ម្នាក់​ឈ្មោះ ​ហួត ហ៊ី បាន​និយាយ​ឲ្យ​ដឹងថា ​នៅ​ភូមិ​នេះ គឺមាន​អ្នកតា​ខ្លាំងពូកែ​១​កន្លែង ​ជា​អ្នក​ថែ រក្សា​ទឹកដី​នេះ ​ហើយ​អ្នកតា​នេះ ត្រូវ​ខ្មោច​ព្រៃ​ចាប់ចង ​ក្នុងពេលដែល​លោក​កំពុង មាន​អាពាធ ហើយក៏​ធ្វើបាប​អ្នកភូមិ ឲ្យ​ជំងឺ​ដង្កាត់​ពេញទាំងភូមិ​តែម្ដង ​ហេតុនេះ ​ទើប​ពួកគាត់ ​និមន្ត​ព្រះសង្ឃ និង​ព្រះចៅ​អធិការ​វត្ត​សុវណ្ណ​គី​រី ​នៅ​ភូមិ​ជាំ​ស្វាយ ​មក​ធ្វើ​ពិធី​ជួយ​រំដោះ អ្នកតា​ និង​បួងសួង​សុំ​សេចក្ដីសុខ​។

ព្រះចៅអធិការ​វត្ត​សុវណ្ណ​គី​រី ព្រះ​តេជគុណ ឈឹម ណា​ង ​បាន​មាន​សង្ឃដីកា​ថា​ វា​ជា​អាគមន៍​ផ្សំ​នឹង អាយុ ស បើ​គ្មាន​រឿង​អរូប​នេះ​ ចូល​មក​លាយឡំ​នោះទេ ស្ថានភាព​ជំងឺ​អ្នកភូមិ​នៅទីនេះ ​មិនមាន​វឹកវរ ដូច្នេះ​ទេ ​។ ចំណែក​ខាង​ពេទ្យ​និយាយ​នោះ​ គឺ​វា​ត្រូវ​១​បែប​ហើយ​ ប៉ុន្តែ​ការ​ហូបចុក​ របស់​អ្នកភូមិ​ច្រក​តោ​ល​ ជាប់​នឹង​តំបន់ ព្រៃ​ឡង់​នេះ គឺជា​ជីវភាព​ធម្មតា​តែ​ប៉ុណ្ណឹង​ហើយ​ ហេតុ​អី ! ក៏​ពី​មុនមក វា​មិន​អី ?​។

ព្រះចៅអធិការ ​មាន​សង្ឃ​ដីកាបន្តថា​ ហេតុនេះ ​ការ​ប្រារព្ធ​ពិធីសែនព្រេន​ និង​បួងសួង​ សុំ​សេចក្ដីសុខ​នេះ គ្រាន់តែ​ជា​កិច្ច​រួម​ផ្សំបន្ថែម​តែប៉ុណ្ណោះ​។​ ចំណែក​ក្រសួងសុខាភិបាល បាន​ជូនដំណឹង​ថា ​ជំងឺ​ដែល​កើតឡើង ​នៅ​ភូមិ​ច្រក​តោ​ល ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ ​បាន​ចាប់ផ្ដើម​នៅ​ដើមខែ​សីហា ឆ្នាំ​២០១៧ ​រហូតមកទល់​ថ្ងៃ​ភ្ជុំបិណ្ឌ​ ដែល​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ស្លាប់​ ជា​បន្តបន្ទាប់​រហូត​ដល់​ទៅ​៨​នាក់ ក្នុង​មាន​មន្ត្រី​អនុរក្ស ​បរិស្ថាន​៣​នាក់​ផង​នោះ​ គឺ​ត្រូវ​បាន​គេ​រកឃើញ ​ពង​ដង្កូវ​ព្រូន​ទ្រីស៊ី​ណែ​ឡា ​នៅក្នុង​សាច់​ឆៅ​ ដែល​អ្នកភូមិ​បរិភោគ​។

ក្រសួង​ បាន​បន្ត​ឲ្យ​ដឹងថា ​ការបរិភោគ​សាច់ សត្វព្រៃ ប្រមាណ​ពី​៣​សប្ដាហ៍​ ទៅ​៤​សប្ដាហ៍ គឺ​ចាប់ផ្ដើម ​មាន​រោគសញ្ញា គ្រុនក្ដៅ រាគ​ក្អួត ឈឺ​សាច់ដុំ អស់កម្លាំង ​ហើម​ដៃជើង ​និង​ឈឺ​សន្លាក់ ជាដើម​។ ចំពោះ​អ្នក ភូមិ​ច្រក​តោ​ល មាន​អ្នក​ឈឺ​ សរុប​៣៣​ករណី​ ក្នុងនោះ​ បាន​ស្លាប់​៨​នាក់ ភេទ​ប្រុស​។ ឯ​អ្នក​ជំងឺ​១៣​នាក់ ​ផ្សេងទៀត​ដែល​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ធំ​ មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​ និង​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​យក​សំណាក ​កោសិកា​សាច់ដុំ ដើមដៃ​អ្នក​ជំងឺ​៣​នាក់ និង​ឈាម​អ្នក​ជំងឺ​៩​នាក់ យក​ទៅ​វិភាគ ​រកឃើញ ​មាន​ដង្កូវ​ព្រូន​ទ្រី​ស៊ី​ណែ​ឡា ​នៅក្នុង​សាច់ដុំ​។​

ជាមួយគ្នានេះ ​ឯកឧត្តម វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ​បាន​អំពាវនាវ ​ដល់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ​សូម​បញ្ឈប់​ការ​បរិភោគ​សាច់​ឆៅ ឬ​ចម្អិន​ មិន​ឆ្អិត​ល្អ​ និង​ចូលរួម​អនុវត្ត​វិធានការ ​បង្ការ​ជំងឺ​ដង្កូវ​ព្រូន ទ្រី​ស៊ី​ណែ​ឡា ​ដែល​ជំងឺ​នេះ ធ្វើ​ឲ្យ​អ្នក​ជំងឺ ស្លាប់​ក្នុង​រយៈ​ខ្លី​ទៀត​ផង​៕​

ដោយ ៖​ កង ចេស្ដា​

Loading...