លោក Lee៖ យុវជន​កម្ពុជា​ត្រូវ​ការ​ប្រកួត​អន្តរជាតិ​ច្រើនថែម​ទៀត​​ដើម្បី​បង្កើន​សមត្ថភាព​

6

បាល់ទាត់៖ អតីត​គ្រូ​បង្វឹក​ក្រុមបាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​លោក Lee Tae Hoon បាន​លើក​ឡើង​ថា ក្រុម​ជម្រើស​ជាតិ​យុវជន​របស់​កម្ពុ​ជា​បច្ចុប្បន្ន ទោះបី​មានការ​វិវត្តន៍​រីកចម្រើន​ជាង​មុន​ក្ដី ប៉ុន្តែ​សមត្ថភាព​របស់​ពួកគេ​នៅ​មាន​កម្រិត​នៅឡើយ ដែល​ទាមទារ​ឲ្យ​ពួកគេ​ត្រូវការ​ការប្រកួត​ឲ្យ​បាន​កាន់​តែ​ច្រើន ពិសេស​គឺ​ការប្រកួត​លក្ខណៈ​អន្តរជាតិ ដើម្បី​ពង្រឹង​សមត្ថភាព​ឲ្យ​ក្លាយ​ជា​កីឡាករ​ពេញលក្ខណៈ សម្រាប់​ចូលរួម​ការប្រកួត​ផ្លូវការ​ផ្សេងៗ។

ការ​លើក​ឡើង​របស់​គ្រូ​បង្វឹក​សញ្ជាតិ​កូរ៉េ​រូប​នេះ គឺ​ស្រប​ពេល​លោក​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​យុវជន​ក្រោម​អាយុ ១៦​ឆ្នាំ​កម្ពុជា ត្រឡប់​មកពី​ចូលរួម​ប្រកួត​ជម្រុះ​ពានរង្វាន់​យុវជន​ប្រចាំ​ទ្វីប​អាស៊ី AFC U16 Championship 2018 នៅ​ប្រទេស​ម៉ុង​ហ្គោ​លីកាលពី​យប់មិញ គ្រា​ដែល​បេសកកម្ម​នេះក្រុម​យុវជន​កម្ពុជា​បាន​ត្រឹម​ឈរ​លេខ​៣ ក្នុង​ពូ​ល I បន្ទាប់ពី​ឆ្លងកាត់ ៣​ប្រកួត​ឈ្នះ​១ និង​ចាញ់​២ កាលពី​សប្ដាហ៍​មុន។ ​លោក Lee Tae Hoon បាន​និយាយ​ថា លទ្ធផល​ខាងលើ​មិន​អាក្រក់​ពេក​នោះ​ទេ សម្រាប់​ក្រុម​គោព្រៃ​ជំទង់​កម្ពុជា ​ត្បិត​សមត្ថភាព​របស់​ពួកគេនៅ​មាន​ភាព​ក្មេងខ្ចី​នៅឡើយ។ ហេតុនេះ​ក្រុម​យុវជន​កម្ពុជា​ត្រូវការ​ពេលវេលា​ច្រើន​ទៀត ដើម្បី​ដុះ​ខាត​សមត្ថភាព​ពិសេស​គឺ​ការ​បង្កើន​កម្មវិធី​ប្រកួត​ថ្នាក់​ជាតិ និង​អន្តរជាតិ​ឲ្យ​បាន​ច្រើន​ដែល​ជា​ឱកាស​ដ៏​ល្អ ដើម្បី​ជំរុញ​ឲ្យ​យុវជន​មាន​សមត្ថ​ភាព​រឹង​មាំ​បន្ថែម​ទៀត។​

​សូម​បញ្ជាក់​ថា លោក Lee Tae Hoon ទើបតែ​ដឹកនាំ​ក្រុម​យុវជន​ក្រោម​អាយុ ១៦​ឆ្នាំ​កម្ពុជា​បាន​ប្រមាណ​ជាង​កន្លះ​ឆ្នាំ​ប៉ុណ្ណោះ បន្ទាប់ពី​លោក​ត្រូវ​បាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ ផ្លាស់ប្ដូរ​ពី​តំណែង​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​។ ជាមួយ​នឹង​ការងារ​ដឹកនាំ​ក្រុម​យុវជន​នេះ​ដែរ បុរស​ជនជាតិ​កូរ៉េ​រូប​នេះ​បាន​ដាក់​ផែនការ​អភិវឌ្ឍន៍​ជាច្រើន ក្នុង​នោះ​ក៏​មាន​ការ​ជ្រើសរើស​កីឡាករ​យុវជន​ឆ្នើម​ៗ ដើម្បី​បង្កើត​សក្ដានុពល​ក្រុម​ជម្រើស​ជាតិ​យុវជន​កម្ពុជា​បន្ថែម​ទៀត​ផង​ដែរ៕

Loading...