ក្រសួងសុខាភិបាល អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទាំងអស់ បង្ការ​ជំងឺ​ដង្កូវ​ព្រូន​ទ្រី​ស៊ី​ណែ​ឡា កើត​មាននៅ​ខេត្ត​កំពង់ធំ​

10

ភ្នំពេញ៖ ​ក្រសួងសុខាភិបាល​កម្ពុ​ជា​នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៧​នេះ​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​អនុវត្ត​វិធានការណ៍ បង្ការ​ជំងឺ​ដង្កូវ​ព្រូន​ទ្រី​ស៊ី​ណែ​ឡា ដែល​កំពុង​កើត​មាននៅ​ភូមិ​ច្រក​គោល ​ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ និង​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​៨​នាក់​។​

​​សេចក្តី​ជូនដំណឹង​រប​ស់​ក្រសួងសុខាភិបាល ​បាន​បញ្ជាក់​ថា ​ជំងឺ​ដង្កូវ​ព្រូន​ទ្រី​ស៊ី​ណែ​ឡា (​ហៅថា ទ្រី​ស៊ី​ណែ​ឡូ​ស៊ី​សTrichinellosis) គឺជា​ជំងឺ​មួយ​ដែល​ចម្លង​មក​មនុស្ស តាមរយៈ​ការ​បរិភោគ​សាច់​ឆៅ ឬ​សាច់​ចម្អិន​មិន​ឆ្អិន​ល្អ ដែល​សាច់​នោះ​មាន​ដង្កូវ​ព្រូន​ទ្រី​ស៊ី​ណែ​ឡា។

រោគសញ្ញា​ដំបូង រួមមាន ក្អួតចង្អោរ រាករូស ក្អួត អស់កម្លាំង និង​គ្រុនក្ដៅ។ ឈឺពោះ អាច​កើតមានឡើង​ក្នុងអំឡុងពេល​១ ទៅ​២​ថ្ងៃ បន្ទាប់ពី​ឆ្លង​ដង្កូវ​ព្រូន​ទ្រី​ស៊ី​ណែ​ឡា ចូលក្នុង​ខ្លួន​មនុស្ស​។ បន្ទាប់ពី​រោគសញ្ញា​ដំបូង​មក មាន​អាការៈ​ដូចជា​ឈឺក្បាល គ្រុនក្តៅ ក្អក ហើម​មុខ និង​ត្របកភ្នែក (​អាចមាន​ហើម​ដៃ ហើមជើង​) ឈឺសន្លាក់ និង​ឈឺ​សាច់ដុំ រមាស់​ស្បែក រាក​ឬ​ទល់លាមក។

រោគសញ្ញា​ផ្សេងទៀត​ជាធម្មតា​ចាប់ផ្តើម​ពី​២ ទៅ​៨​សប្តាហ៍ បន្ទាប់ពី​ការបរិភោគ​សាច់​ដែលមាន​ដង្កូវ​ព្រូន​នេះ ។ រោគសញ្ញា​ធ្ងន់ធ្ងរ មានដូចជា​ពិបាកធ្វើ​ចលនា និង​បង្កបញ្ហា​ដល់​បេះដូង និង​ដង្ហើម ដែល​បណ្តាលមកពី​ការ​រាតត្បាត នៃ​ដង្កូវ​ព្រូន​នេះ នៅក្នុង​សរីរាង្គ​របស់​មនុស្ស (​ដូចជា​សួត បេះដូង ថ្លើម និង​ខួរក្បាល​ជាដើម​) និង​អាច​បណ្តាល​ឲ្យ​ស្លាប់​បាន ។​ ​

​ចំពោះ​ករណី​នៅ​ស្រុក​សណ្តាន់ (​តំបន់​ព្រៃ​ឡង់​) ខាងលើ ពួកគាត់​បាន​បរិភោគ​សាច់សត្វ​ព្រៃ ប្រហែលជា​៣​ទៅ​៤​សប្តាហ៍ មុន​ពួកគាត់​ឈឺ ហើយ​អ្នក​ឈឺ​មាន​រោគសញ្ញា​ដូចជា​៖ គ្រុនក្តៅ រាក ក្អួត ឈឺ​សាច់ដុំ អស់កម្លាំង ហើម​ដៃ ហើមជើង និង​ឈឺសន្លាក់ ដែល​អាការៈរោគ​នេះ ចាប់ផ្តើម​តាំងពី​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៧ ដោយ​រហូតមកទល់​ថ្ងៃនេះ មាន​ករណី​ឈឺ​សរុប​ចំនួន​៣៣​ករណី ក្នុងនោះ​ស្លាប់​ចំនួន​៨​ករណី (​ប្រុស​ទាំង​៨​នាក់​)​។ ក្នុងចំណោម​អ្នកជំងឺ​១៣​នាក់​។​

​​​ឯកឧត្តម វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋ​ម​ន្រី្ត​ក្រសួងសុខាភិបាល បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​ការបរិភោគ​សាច់​ឆៅ ឬ​ចម្អិន​មិន​ឆ្អិន​ល្អ ហើយ​គ្រប់ៗ​គ្នា ត្រូវ​ចម្អិន​សាច់​ឲ្យ​បាន​ឆ្អិន​ល្អ និង​មាន​អនាម័យ​ម្ហូបអាហារ​ត្រឹមត្រូវ ដើម្បី​ការពារ​ពី​ជំងឺ​ដង្កូវ​ព្រូន​ទ្រី​ស៊ី​ណែ​ឡា និង​ជំងឺ​ផ្សេងៗ​ទៀត ហើយ​រួមគ្នា​អនុវត្ត​នូវ​ការប្រុងប្រយ័ត្ន​ដ៏​សាមញ្ញ​មួយចំនួន នៅពេលដែល​កាន់ និង​រៀបចំ​ម្ហូបអាហារ ដែល​អាច​ការពារ​អ្នក​គ្រប់គ្នា និង​ក្រុមគ្រួសារ​ពី​ការឈឺ រួមមាន ប្រើប្រាស់​ទឹកស្អាត និង​ម្ហូបអាហារ​ដែល​ស្អាត និង​ឆ្អិន​ជានិច្ច ត្រូវ​លាងដៃ នឹង​សាប៊ូ មុនពេល​និង​អំឡុងពេល​រៀបចំ​ម្ហូបអាហារ មុន​បរិភោគ និង​ក្រោយ​បន្ទោ​របង់ លាង​សំអាត​បន្លែ​ផ្លែឈើ​ឲ្យ​បាន​ស្អាត​មុន​បរិភោគ សំអាត​សម្ភារៈ​ប្រើ​សម្រាប់​ចម្អិន​ម្ហូបអាហារ​ឲ្យ​បាន​ត្រឹមត្រូវ​, ចម្អិន​អាហារ​ឲ្យ​បាន​ឆ្អិន​ល្អ ជាពិសេស​សាច់សត្វ​ស្លាប ស៊ុត និង​អាហារ​សមុទ្រ ទុកដាក់​ចំណីអាហារ​ឆៅ និង​ឆ្អិន​ដាច់ដោយឡែក​ពីគ្នា កុំ​រក្សាទុក​អាហារ​ក្នុង​កំដៅ​ធម្មតា​លើសពី​២​ម៉ោង​, មិនត្រូវ​រក្សាទុក​អាហារ​ជាច្រើន​ថ្ងៃ​ទេ ទោះជា​ស្ថិតក្នុង​កម្រិត​សីតុណ្ហភាព​សុវត្ថិភាព​ក៏ដោយ ។

បើ​យើង​រក្សាទុក​អាហារ​ក្នុង​ប្រព័ន្ធ​ត្រជាក់ គឺ​ត្រូវ​ឲ្យ​នៅក្រោម​សីតុណ្ហភាព​៥​អង្សា​សេ និង​បើ​យើង​រក្សាទុក​អាហារ​ក្នុង​ប្រព័ន្ធ​កំដៅ គឺ​ត្រូវ​ឲ្យ​លើសពី​សីតុណ្ហភាព​៦០​អង្សា​សេ និង​កុំ​ប្រើប្រាស់​ចំណីអាហារ​ហួស​កាលកំណត់ ៕

Loading...