សញ្ញាដែល​បង្ហាញថា អ្នក​ជិត​មាន​ជំងឺ​គាំងបេះដូង​ហើយ​

46

អ្នក​ប្រហែលជា​គិត​ថា បេះដូង​នឹងមាន​សុខភាព​ល្អ​កាលណា​អ្នក​ញ៉ាំ​អាហារ និង​ហាត់ប្រាណ​បាន​ត្រឹមត្រូវ​។ ប៉ុន្តែ​មាន​រឿង​ដ៏​ស្ងៀមស្ងាត​ជាច្រើន​ដែល​វា​ជា​កត្តា​នាំ​ឲ្យ​អ្នកកាន់តែ​ងាយ​កើត​ជំងឺ​បេះដូង និង​គាំងបេះដូង​បាន​។ ខាងក្រោម​នេះ​គឺជា​អាការៈ​មួយចំនួន ដែល​កំពុង​តែ​ប្រាប់​អ្នក​ថា បេះដូង​ជិត​មាន​បញ្ហា និង​ត្រូវការ​ការយកចិត្តទុកដាក់​ហើយ​៖
​ចូលចិត្ត​ចំណាយពេល​នៅមុខ​កញ្ចក​ទូរទស្សន៍ ឬ​កុំព្យូទ័រ​ពេក​
​កាលណា​អ្នក​ចំណាយ​ពេលវេលា​ច្រើន​នៅ​មុខ​ម៉ាស៊ីន​ទាំង​អស់នោះ ឬ​ចាប់ពី​បួន​ម៉ោង​ឡើងទៅ​ក្នុង​មួយ​ថ្ងៃ អ្នកនឹង​ប្រឈម​ខ្ពស់​នឹង​ជំងឺ​បេះដូង​រហូតដល់ ១២៥​ភាគរយ​។
គេង​តិចជាង ៦​ម៉ោង​ក្នុង​មួយថ្ងៃ​
​ការ​គេង​មិនបាន​គ្រប់គ្រាន់​គឺជា​កត្តា​ដ៏​សំខាន់​មួយ​នាំឲ្យ​កើត​ជំងឺ​បេះដូង​។ ដូច្នេះ​យក​ល្អ​គួរតែ​ចៀសវាង​ការ​ញ៉ាំ​កាហ្វេ ឬ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​នៅពេល​យប់ និង​ព្យាយាម​គេង​យ៉ាងហោចណាស់ ៧​ម៉ោង​ឡើងទៅ​ក្នុង​មួយ​យប់​។​
ប៉ះពាល់​ទៅ​នឹង​សីតុណ្ហភាព​ខ្ពស់​ពេក​
​អ្នកជំនាញ​និយាយថា អ្នក​ដែល​រស់នៅ​ក្នុង​តំបន់​ដែល​ក្តៅ​ពេក ឬ​ត្រជាក់​ពេក គឺ​មាន​ការ​ប្រឈម​ខ្ពស់​នឹង​ជំងឺ​បេះដូង​សរសៃឈាម​ដូចជា ជំងឺ​គាំងបេះដូង​ជាដើម​។ ដូច្នេះ ចូរ​ធ្វើយ៉ាងណា​ឲ្យ​ខ្លួនឯង​មាន​ភាពកកក្តៅ​គ្រប់គ្រាន់​សម្រាប់​រដូវរ​ងារ និង​ត្រជាក់​គ្រប់គ្រាន់​សម្រាប់​រដូវក្តៅ​។ ចូរ​កុំ​ភ្លេច​ញ៉ាំ​ទឹក​ឲ្យបាន​ច្រើនផង​។​
កន្លែង​ដែល​មាន​ផ្សែង​បំពុលបរិយាកាស​
​អ្នក​ប្រហែលជា​គិតថា ផ្សែង​បំពុលបរិយាកាស​គ្រាន់តែ​ប៉ះពាល់​ទៅលើ​សួត​ប៉ុន្តែ ប៉ុន្តែ​វា​ក៏​ផ្តល់​គ្រោះ​ថ្នាក់​លើ​បេះដូង​ដូចគ្នា​ដែរ​។ ការសិក្សា​បាន​រកឃើញថា ការប៉ះពាល់​នឹង​កន្លែង​ដែល​មាន​ការ​បំពុលបរិយាកាស​ខ្លាំង អាច​បណ្តាល​ឲ្យ​ប្រឈមខ្ពស់​នឹង​ជំងឺ​គាំងបេះដូង ហើយ​ភាគច្រើន​នឹង​កើតឡើង​លើ​មនុស្ស​ចាស់​តែម្តង​។ ផ្សែង​បំពុល​បរិយាកាស​ត្រូវបាន​គេ​ស្គាល់​ថា​ជាដើម​ហេតុ​នាំឲ្យ​កើត​ជា​កំណក​ក្នុង​សរសៃឈាម និង​បង្ក​ការ​រលាក​ដល់​បេះដូង​។​
លែងលះគ្នា​
​ការសិក្សា​បង្ហាញថា អ្នក​ដែល​ឆ្លងកាត់​ភាព​ស្ត្រេ​ស និង​ឈឺក្បាល​ដោយសារ​ការលេង​លះ​គ្នា​អាច​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ជំងឺ​បេះដូង​។ ស្ត្រី​ដែល​លែងលះ​គ្នា​ប្រឈម​នឹង​ការ​គាំងបេះដូង​រហូតដល់ ២៥​ភាគរយ និង​បុរស ៣០​ភាគរយ​។
ឆាប់​ខឹង​
​ការ​ដែល​មាន​កំហឹងរ​ហូត​ដល់​បោក​ចាន​បោក​ឆ្នាំ​មិន​មែន​ជា​កត្តា​ជំរុញ​ឲ្យមាន​សុខភាព​ល្អ​នោះ​ទេ​។ ប៉ុន្តែ​ការ​ដែល​ឆាប់​ខឹង​ពេក​នឹង​ធ្វើឲ្យ​សម្ពាធ​ឈាម​កើនឡើង ដែល​វា​ទំនងជា​ដើមហេតុ​នាំឲ្យ​កើត​ជំងឺ​គាំងបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​ខ្ពស់ជាង​អ្នក​ធម្មតា​រហូតដល់ ៩​ដង​។​
ញ៉ាំ​អាហារ​ពេល​យប់​ជ្រៅៗ​
​បើសិន​ជា​អ្នក​មាន​ទម្លាប់​ញ៉ាំ​អាហារ​ពេល​យប់ៗ​ពេក យក​ល្អ​គួរតែ​ឈប់​ទៅ ព្រោះ​វា​អាច​បណ្តាលឲ្យ​លើស​សម្ពាធ​ឈាម​បាន​។ ហើយ​កាលណា​លើស​សម្ពាធ​ឈាម​បែបនេះ វា​ប្រឈម​ខ្ពស់​នឹង​ការ​គាំងបេះដូង​ណាស់​៕

Loading...