និស្សិត​កម្ពុជា រៀបចំ​ពិព័រណ៍​បច្ចេកវិទ្យា ទូរគមនាគមន៍ និង​ព័ត៌មានវិទ្យា​លើកដំបូង

24

ភ្នំពេញ៖ នេះជាលើកដំបូងហើយ ដែលនិស្សិតមួយក្រុមរួមគ្នារៀបចំការតាំងពិព័រណ៍មួយពាក់ព័ន្ធនឹងប្រព័ន្ធ ព័ត៌មានវិទ្យា ព្រមទាំងបច្ចេកវិទ្យាទូរគមនាគមន៍ផងដែរ។

ដើម្បីជំរុញ និងលើកទឹកចិត្តនិស្សិតសិក្សាជំនាញបច្ចេកវិទ្យា នៅថ្ងៃ៣១ ខែសីហាសាកលវិទ្យាល័យអាស៊ីអឺរ៉ុប បានរៀបចំតាំងពិព័រណ៍បច្ចេកវិទ្យា ទូរគមនាគមន៍ ព័ត៌មានវិទ្យា ឆ្នាំ២០១៧ លើកដំបូង នៅអាគារមាសរបស់ខ្លួន ដោយមានការចូលរួមពីបណ្ឌិត និត ប៊ុនឡៃ អគ្គនាយករង នៃអគ្គនាយដ្ឋានឧត្តមសិក្សា រួមទាំងនិស្សិតជាច្រើនទៀត។

បណ្ឌិត ជា សុភាព សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុបមានប្រសាសន៍ថា ពិព័រណ៍អប់រំនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី៣១សីហា រហូតដល់ថ្ងៃ១៦កញ្ញាខាងមុខដោយមានការដាក់បង្ហាញនូវសមិទ្ធិផល នៃការសិក្សារបស់និស្សិត និងផ្សព្វផ្សាយពីសេវាកម្មនានាទាក់ទងពីវិស័យបច្ចេកវិទ្យា ទូរគមនាគមន៍ និងព័ត៌មានវិទ្យារបស់អាស៊ីអឺរ៉ុប ដល់សិស្ស–និស្សិត និងមហាជនបានយល់កាន់តែច្បាស់ពីវិស័យមួយនេះ។

Loading...

លោកបន្ដថា លទ្ធផលសិក្សារបស់និស្សិតជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ត្រូវបានជ្រើសរើសយកមកដាក់តាំងបង្ហាញ ដែលរួមមានប្រព័ន្ធគ្រប់គ្រងការសិក្សាពីចម្ងាយ ការលក់ផលិតផលតាមអនឡាញ ការគ្រប់គ្រងបណ្តាញកុំព្យូទ័រ និងការអភិវឌ្ឍគេហទំព័រសម្រាប់ផ្សព្វផ្សាយមួយចំនួន នៅតាមស្ថាប័នដែលពួកគាត់បានចុះកម្មសិក្សាបានជោគជ័យជាដើម។

ថ្លែងក្នុងពិធីនោះដែរ បណ្ឌិត និត ប៊ុនឡៃ លើកឡើងថា ការសិក្សាជំនាញបច្ចេកវិទ្យា ពិតជាបានជួយរុញច្រានការងារគ្រប់គ្រង ការរៀន ការបង្រៀន និងការស្រាវជ្រាវកាន់តែមានប្រសិទ្ធភាព។

ម្យ៉ាងវិញទៀត ដើម្បីជំរុញឱ្យកម្ពុជាមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ យើងត្រូវការអភិវឌ្ឍន៍នូវធនធានមនុស្ស ហើយធនធានមនុស្សទៀតសោត ត្រូវតែមានចំណេះដឹងផ្នែកបច្ចេកវិទ្យាជាការចាំបាច់ទោះបីជានិស្សិតសិក្សាជំនាញណាមួយក៏ដោយ។ ដូច្នេះលោកបានសម្ដែងការគាំទ្រពេញទំហឹង ចំពោះការរៀបចំការតាំងពិព័រណ៍លើផ្នែក បច្ចេកវិទ្យា ទូរគមនាគមន៍ និងព័ត៌មានវិទ្យានាពេលនេះ៕

Loading...